វៀតណាមស្នើឲ្យកម្ពុជា ផ្តល់សញ្ជាតិដល់ប្រជាពលរដ្ឋរបស់ខ្លួនតែត្រូវបានកម្ពុជាបដិសេធ
ភ្នំពេញ ៖ វៀតណាមស្នើឲ្យកម្ពុជា ផ្តល់សញ្ជាតិដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលចូលមកស្នាក់នៅរកស៊ី ក្នុងខេត្តនៃតំបន់អភិវឌ្ឍន៍ត្រីកោណ តែត្រូវបានកម្ពុជាបដិសេធ។
ការបដិសេធនេះ បានធ្វើឡើងនៅក្នុងសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ វៀតណាម ដែលសភាកម្ពុជាមានលោក ឈាង វុន ជាតំណាងកម្ពុជាដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ – ១៨ ខែសីហា ឆ្នាំ២០១៩ នាទីក្រុងហាឡុង ខេត្តខ្វាងនិញ ប្រទេសវៀតណាម។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានប្រាប់ក្រុមអ្នកសារព័ត៌មានដឹងនៅក្នុងសន្និសីទព័ត៌មានមួយនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយពេលមកដល់ កាលពីយប់ថ្ងៃទី១៩ ខែសីហានេះ បន្ទាប់ពីលោកដឹកនាំគណៈប្រតិភូទៅចូលរួមសន្និសីទលើកទី៧នោះថា គោលបំណងនៃសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ វៀតណាម ដើម្បីគាំទ្រ និងជំរុញការអនុវត្តន៍កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភិវឌ្ឍន៍តំបន់ត្រីកោណ នៃប្រទេសទាំងបីឲ្យបានឆាប់រហ័ស ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។ ព្រោះថា នៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនោះកម្ពុជាមានខេត្ត៤ផងដែរ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគីរីផងដែរ។ លោកបន្តថា ក្នុងកិច្ចពិភាក្សាក្នុងសន្និសីទនោះ មានបញ្ហាជាច្រើនបានត្រូវលើកមកជជែក ហើយមានបញ្ជាតានតឹងផងដែរ។ ក្នុងចំណោមបញ្ហាជាច្រើន ភាគីវៀតណាមបានលើកឡើងពីបញ្ហាដែលកម្ពុជាមិនព្រមផ្តល់សញ្ជាតិឲ្យប្រជាពលរដ្ឋរបស់ខ្លួនកំពុងរស់នៅក្នុងខេត្តស្ទឹងត្រែង ដោយភាគីវៀតណាមថា បានស្នើយើងពីរឿងប្រជាពលរដ្ឋវៀតណាម ដែលចូលមករស់នៅក្នុងតំបន់ត្រីកោណ ប្រទេសកម្ពុជាយូរណាស់មកហើយ មិចបានជាយើងមិនផ្តល់សញ្ជាតិឲ្យអញ្ចឹង។ លោក ឈាង វុន បានឆ្លើយតបច្បាស់ថា យើងមានច្បាប់របស់យើង ហើយច្បាប់នោះ រួមមានច្បាប់សញ្ជាតិផង ច្បាប់អន្តោប្រវេសន៍ផង យើងមិនអាចឲ្យគ្រប់សញ្ជាតិដោយអូតូម៉ាតិច ឬស្វ័យប្រវត្តិចំពោះបងប្អូនវៀតណាម ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់បានទេ មិនអាចទេ ក៏ប៉ុន្តែពួកគាត់អាចដាក់សុំសញ្ជាតិតាមច្បាប់ទម្លាប់អញ្ចឹងទៅបាន។ លោកថា នេះជាចំណុចតឹងតែង ដែលយើងបានអនុវត្តនេះ គឺល្អណាស់ដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង។
សូមបញ្ជាក់ថា សន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និងវៀតណាម ដែលសភាប្រទេសវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ជាមួយការចេញសេចក្តីប្រកាសរួមមួយស្តីពីលទ្ធផលសន្និសីទ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែស៊ីជម្រៅ ដើម្បីគាំទ្រ និងជំរុញដល់ការអភិវឌ្ឍតំបន់ត្រីកោណ (CLV) នោះ។ សេចក្តីប្រកាសរួមនោះ ត្រូវបានចុះហត្ថលេខាដោយប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាប្រទេសទាំងបីគឺ លោក ឈាង វុន តំណាងសភាកម្ពុជា ភាគីឡាវចុះហត្ថលេខាដោយលោកសាស្ត្រាចារ្យ ឯកសាវ៉ាង វង្សវិចិត្រ និងភាគីវៀតណាមចុះហត្ថលេខាដោយលោក ង្វៀង វ៉ាន់ហ្សាវ។
សន្និសីទគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និងវៀតណាម ក៏បានសម្រេចថា នឹងជួបប្រជុំគ្នាលើកទី៨ នៅកម្ពុជា គឺសភាកម្ពុជាទទួលរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស សភាកម្ពុជា ឡាវ និងវៀតណាម នៅក្នុងឆ្នាំ២០២១៕ប្រភព៖ Kampuchea Thmey Daily
វៀតណាមស្នើឲ្យកម្ពុជា ផ្តល់សញ្ជាតិដល់ប្រជាពលរដ្ឋរបស់ខ្លួនតែត្រូវបានកម្ពុជាបដិសេធ
Reviewed by PHUM
on
August 21, 2019
Rating:
No comments:
Post a Comment